ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, November 15, 2018

ប្រធានសាលាដំបូងខេត្តតាកែវថ្មីប្រកាសចូលកាន់តំណែង


  (តាកែវ)៖នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨  លោក ព្រហ្ម សិទ្ធាត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរបស់លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាស ឱ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តតាកែវថ្មី ដោយលោក អ៊ាក ផល្លា ជំនួសលោកស្រី អ៊ិន ម៉ានិត្យ ដែលត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តក្រចេះ។ ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការនេះ  ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្តអភិបាលខេត្តតាកែវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក ជីវ ចាន់តារាស្នងការនគរបាលខេត្តមេបញ្ជាការអាវុធហត្ថខេត្តបញ្ជាការតំបន់ប្រតិបត្តិការរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញារង មន្ដ្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោក ព្រហ្ម សិទ្ធាត្រា បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយ អំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។ ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម។ លោករដ្ឋលេខាធិកា ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះដែរលោក អ៊ាក ផល្លា បានឡើងធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសិក្សាស្វែងយល់បង្កើនចំណេះដឹងអំពីច្បាប់បន្ថែមទៀត ដល់ចៅក្រម អយ្យការ និងក្រឡាបញ្ជីទាំងអស់ឱ្យកាន់តែរឹងមាំសហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។ លោក អ៊ួច ភា ក៏បានស្នើឱ្យប្រធានស្ថាប័នសាលាដំបូងខេត្តថ្មី ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរ ជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហា បណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌ព្រោះថាកន្លងមកនេះ មានសំណុំរឿងខ្លះ មានភាពមិនប្រក្រតី និងនៅកប់ចោល មិនទាន់បានដោះស្រាយ ជូនភាគីជាម្ចាស់បណ្តឹងនៅឡើយ។
















0 comments:

Post a Comment