ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Thursday, June 20, 2019

អជ្ញាធរក្រុងដូនកែវប្រើធម៏ក្តៅវាយកំទេចរបងថ្មដែលដាំរំលោភយកដីបឹងអាស្រ័យផលរបស់រដ្ឋ



តាកែវ៖ របងថ្មដែលដាំជាជួរ ហ៊ុមព័ទ្ធជុំវិញដីបឹងអាស្រ័យផលរបស់រដ្ឋ ឋិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអាជ្ញាធរក្រុងដូនកែវសហការជាមួយនិងកំលាំងចម្រុះ បានយកគ្រឿងចក្រ អេស្កាវេទ័រ មកវាយផ្តួលរបងថ្មដែលចាក់រំលោភលើដីចំណីថ្នល់ បម្រុងហ៊ុមព័ទ្ធយកដីបឹងនោះចោលហើយ ក្រោយពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងការហៅមកដោះស្រាយនៅសាលាក្រុងដូនកែវចំនួន ២ដងរួចមកហើយ ។ 
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ភ្នាក់ងារយើងអោយដឹងថា ការវាយកម្ទេចរបងចាក់ថ្មបេតុងនេះចោល គឺធ្វើឡើងដោយមានការចូលរួមសហការជាមួយនិងកំលាំងចំរុះ មន្ទីរពាក់ព័ន្ធ នៅក្នុងក្រុងដូនកែវ បន្ទាប់ពីមានពាក្យបណ្តឹងពីបងប្អូនប្រជាពលេរដ្ឋថា មានគេលួចធ្វើរបង គោលបំណងព័ទ្ធយកបឹងអាស្រ័យផលរបស់រដ្ឋ នៅចំណុចខាងលើ ។ ហើយក្រោយពីមានពាក្យបណ្តឹងពីពលរដ្ឋនេះដែរ អាជ្ញាធរក្រុងបានហៅភាគីដែលជាអ្នកដាំបង្គោលរបងបេតុងនោះមកធ្វើការដោះស្រាយនៅសាលាក្រុងដូនកែវ ចំនួន ២ដងរួចមកហើយ តែភាគីនោះមិនបានស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងដូនកែវនោះទេ ដូច្នេះក្នុងថ្ងៃនេះ សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ស្រី ដា អភិបាលរងក្រុងដូនកែវ សហការជាមួយនិងមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ បានចុះមកវាយកំទេចរបងថ្មដែលចាក់រំលោភលើដីចំណីថ្នល់ និងហ៊ុមព័ទ្ធយកដីអាស្រ័យផលរបស់រដ្ឋ ជាច្រើនម៉ែត្រការ៉េ ។ 
បើតាមសម្តីរបស់អ្នកស្រី អៀរ អ៊ីម ប្រជាពលរដ្ឋតំណាងអោយដើមបណ្តឹងបាននិយាយថា អ្នកដែលហ៊ុមព័ទ្ធរបងយកដីអាស្រ័យផលខាងលើនោះមានឈ្មោះថា សុខ សាវឿន ដែលត្រូវបានគេស្គាល់
យ៉ាងច្បាស់ថា ជាអតីតមន្ត្រីគយសាខា ខេត្តតាកែវ បានចាក់របងប៉េតុងព័ន្ធយកដីចំណីបឹង តាកែវ ធ្វើជាកម្មសិទ្ធរបស់ខ្លួនជាច្រើនម៉ែត្រការ៉េ និងបានចាក់បេតុងបង្គោលថ្មលើចំណីផ្លូវ ក្រវ៉ាត់បឹងតាកែវ ដោយមិនក្រែងនឹងអំណាចច្បាប់អ្វីបន្តិចសោះ ពោលគឺមានចិត្តលោភលន់ ចង់បានដីបឹងរបស់រដ្ឋ គ្មានចេះខ្មាសអៀនអ្នករស់នៅជិតខាងអ្វីឡើយ។ លោកស្រីបាននិយាយទៀតថា លោក សុខ សាវឿន អតីតមន្ត្រីគយ ខេត្តតាកែវ មានដីជាកម្មសិទ្ធស្របច្បាប់របស់ខ្លួនត្រឹមតែ១ប្លង់ប៉ុណ្ណោះ គឺប្លង់មានក្បាលដីលេខ១១៦៩ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ជាប់នឹងដីក្រវ៉ាត់ក្រុងក្បែរបឹង។ ប៉ុន្តែកាន់តែហួសចិត្តគ្រប់គ្នានោះ គឺលោក សុខ សាវឿន នៅពេល ឲ្យកម្មករសំណង់ចាក់របងថ្មបេតុង មិនត្រឹមអភិវឌ្ឍន៍ដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប្រើកម្មករសំណង់ ចាក់របងថ្មបេតុងហុំព័ន្ធដីរហូតដល់ក្បាលដីលេខ១១៩៩ ដែលក្បាលដីនេះ គឺជាដីចំណីបឹង កម្មសិទ្ធរបស់រដ្ឋ។
ចំពោះការលើកឡើងរបស់មន្ត្រីភូមិបាលក្រុងដូនកែវ បាននិយាយថាក្បាលដីលេខ ១១៩៩ នោះគឺជាដីអាស្រ័យ ផលរបស់ លោក សុខ សាវឿន នោះ គឺមិនពិតទេ ព្រោះបច្ចុប្បន្ននេះគ្មានអ្នកណាអាស្រ័យ ផលអ្វីទាំងអស់? ហើយក្បាលដីលេខ១១៩៩នេះ មានតែស្មៅដុះស៊ុបទ្រុប និងដើមកក់ដុះ ស្អេចស្កាស់ ពាសពេញប៉ុណ្ណោះ ហើយបើថា គាត់អាស្រ័យផល មិនដឹងជាអាស្រ័យផលលើអ្វី បើសព្វថ្ងៃនេះ ដីបឹងផ្លូវក្រវ៉ាត់ក្រុងដែលលោក សុខ សាវឿន ព័ទ្ធយក គឺមានតែស្មៅ និងដើម កក់ ដុះពេញតែប៉ុណ្ណោះ។ តាកែវ






0 comments:

Post a Comment