ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង លោកវិរៈសេនីយ៍ឯក ឆឹង រតនៈ ប្រធានការិយាល័យបុគ្គលិក ព្រមទាំងក្រុម ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងលោក អធិការរង លោក នាយបុស្តិ៍បាលរដ្ឋបាល បាននាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់ លោកស្រី គិន លេង ត្រូវជាភរិយាសព លោក អនុសេនីយ៍ត្រី គឹម ហាច ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលញ៉ែងញ៉ង នៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ ខេត្តតាកែវ ស្លាប់ដោយ(គ្រោះថ្នាក់ចរាចរណ៍)ស្ថិតនៅភូមិកំសី ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្តតាកែវ។
ថ្លែងក្នុងឱកាស និង អារម្មណ៍សោកស្តាយ នោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕