ព័ត៌មានថ្មីៗ​​​ រាយការណ៍ព័ត៌មាន​​ ប្រចាំថ្ងៃ

Saturday, August 3, 2019

អាជ្ញាធរខេត្តតាកែវរៀបចំកម្មវិធីពិសារសាច់ជ្រូកសុវត្ថិភាពនិងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទទួលទានសាច់ជ្រូកធម្មតា ខណៈសាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារក្នុងខេត្តតាកែវមានសុវត្ថិភាពទាំងអស់


តាកែវ៖ អាជ្ញាធរខេត្តតាកែវនៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីពិសារសាច់ជ្រូកសុវត្ថិភាពដែលធ្វើឡើងនៅមុខផ្សារតាកែវ ខេត្តតាកែវ។ នៅក្នុងកម្មវិធីនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានជម្រាបជូនប្រជាពលរដ្ឋថា សាច់ជ្រូកដែលដាក់លក់នៅតាមបណ្តាទីផ្សារនានាក្នុងខេត្តតាកែវសុទ្ឋតែជាសាច់ជ្រូក ដែលបានចិញ្ចឹមត្រឹមត្រូវទៅតាមបច្ចេកទេសមានគុណភាព និងគ្មានជំងឺអ្វីនោះទេ ដូច្នេះបងប្អូនអាចបរិភោគសាច់ជ្រូកបានជាធម្មតា។ លោកបន្តថា ការរៀបចំកម្មវិធីនេះធ្វើឡើងគឺដើម្បីជួយលើកស្ទួយដល់អ្នកប្រកបអាជីវកម្មលក់សាច់ជ្រូកឱ្យមានលំនឹងស្ថេរភាពមកវិញ ហើយក៍ដើម្បីបញ្ជាក់និងបង្ហាញថា ជ្រូកនិងសាច់ជ្រូកនៅខេត្តតាកែវសុទ្ឋតែត្រូវបានពិនិត្យមុននឹងពិឃាត ដើម្បីបញ្ជាក់ពីគុណភាពល្អ ពុំមានជំងឺ ពីមន្ត្រីជំនាញបសុព្យាបាល។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ខេត្ត បានបញ្ជាក់អោយដឹងថា សាច់ជ្រូក ដែលដាក់លក់ក្នុងទីផ្សារនានានៅខេត្តតាកែវ គឺសុទ្ធតែជាសាច់ជ្រូកដែលមានសុវត្ថិភាព។ លោកថា មន្ត្រីរបស់យើងបានសហការ និងខិតខំទប់ស្កាត់នូវការដឹកជញ្ជូននូវសត្វជ្រូកដែលមានជំងឺប៉េសអាហ្វ្រិកមិនឱ្យចូលមកក្នុងស្រុកឡើយ និងមានការរឹតបន្តឹងខ្លាំងចំពោះតំបន់ផ្ទុះជម្ងឺ ។
លោក ថៃ លី បានបន្តថា សត្វជ្រូកដែលយកទៅពិឃាតសុទ្ឋតែបានត្រូតពិនិត្យត្រឹមត្រូវដោយមន្ត្រីជំនាញបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត ជាពិសេសបានត្រួតពិនិត្យនៅតាមទីតាំង នៃកសិដ្ឋានចិញ្ចឹម ដោយពិនិត្យទៅលើចំណី គុណភាពសាច់ និងអនាម័យ នៃការពិឃាត ដោយការប្រុងប្រយ័ត្នយ៉ាងហ្មត់ចត់ ។ ហើយចំពោះរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរថា ការលក់សាច់ជ្រូករបស់ពួកគាត់មានការធ្លាក់ចុះជា    បន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក នៅទឹកដីស្រុកអង្គរបូរី  ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
ជាទូទៅក្នុងខេត្តតាកែវប្រើប្រាស់ជ្រូកប្រមាណជា១៣០ទៅ១៥០ក្បាល សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងមួយថ្ងៃ ក៏ប៉ុន្តែរយៈពេលចុងក្រោយនេះ តម្រូវការសាច់ជ្រូកថយមកត្រឹម ៦០ ទៅ ៧០ភាគរយវិញ  ។
គួរបញ្ជាក់ផងដែរថា ជំងឺប៉េសជ្រូកកើតដំបូងនៅតំបន់អាហ្វ្រិកក្នុងឆ្នាំ១៩០៧បន្ទាប់មកឆ្លងទៅតំបន់អឺរ៉ុបនៅឆ្នាំ១៩១៥ ហើយនៅខែសីហាឆ្នាំ២០១៨ឆ្លងរាលដាលទៅចិន។នៅខែកុម្ភៈឆ្នាំ២០១៩ឆ្លងរាលដាលនៅវៀតណាម នៅខែមិនាឆ្នាំ២០១៩ឆ្លងមកដល់កម្ពុជាក្នុងខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល បណ្តាលឱ្យងាប់ជ្រូកអស់ប្រមាណជា៣ពាន់ក្បាលក្នុងខេត្តទាំងនេះ ៕ តាកែវ














0 comments:

Post a Comment