ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំកងកម្លាំងចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមតាកែវជាង២ពាន់នាក់។
លោកអភិបាលក្រុងបានក្រើនរំលឹកថា ស្ថិតក្នុងវ័យរៀនសូត្រ ប្អូនៗត្រូវប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូមកបំពេញតម្រូវការខ្លួនដែលកំពុងខ្វះខាត ជៀសវាងការដើរលេងគេចសាលាមិនចូលរៀន ពិសេសត្រូវជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន មិនត្រូវប្រើប្រាស់ឬជួញដូរនោះទេ ព្រោះវានាំឲ្យខួចអនាគត អាចនាំទុកលំបាកដល់ខ្លួននិងក្រុមគ្រួសារ ពិសេសនិងបាត់បង់ធនធានមនុស្សនៃសង្គមជាតិផងដែរ។ បន្ថែមពីលើបញ្ហាគ្រឿងញៀននេះផងដែរ លោកអភិបាលក្រុងបានបន្តថា ច្បាប់ចរាចរណ៍ ក៏ត្រូវតែគោរពជាចាំបាច់បំផុតផងដែរពេលបើកបរម៉ូតូមិនថាធ្វើដំណើរ ទៅ មក សាលារៀននោះទេ គឺត្រូវពាក់មូកសុវត្ថិភាពជាប្រចាំ មិនរំលោភបំពានល្បឿនដែលបានកំណត់ ព្រោះនៅពេលបើបបរយានជំនិះគ្រប់ប្រភេទបើធ្វេសប្រហេសតែបន្តិច គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា។
លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន លោកបានប្រឹងប្រែងខ្លាំងណាស់ក្នុងវិស័យអប់រំ ពិសេសលោកបានកសាងសាលារៀនរាប់ម៉ឺនខ្នង មិនថាទីប្រជុំជន ឬដំបន់ដាច់ស្រយាលនោះទេ គឺប្អូនៗអាចទៅរៀនសូត្របានគ្រប់ៗគ្នា ។ ដូច្នេះក្នុងនាមជាទំពាំងស្នងឬស្សីត្រូវខឹតខំប្រឹងប្រែងរៀនសូត្រដើម្បីជាធនធានសម្រាប់សង្គមជាតិដ៏រឹងមាំ៕